ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា រំ​លេចកិច្ចកា​រអាទិ​ភាព ៣ ឱ្យអង្គ​សន្និបាតក្រសួ​ងមហាផ្ទៃ រិះរ​កវិធី​សាស្រ្តព​ង្រឹងគុណ​ភាពបន្ថែម​លើភារកិ​ច្ចស្នូល!

(ភ្នំពេញ)៖សន្និបា​តត្រួត​ពិនិត្យលទ្ធផល​ការងារឆ្នាំ២០២​៤ និងលើកទិស​ដៅការងារឆ្នាំ២០២៥ របស់​ក្រ​សួងមហាផ្ទៃ និងបូកស​រុបចល​នាប្រឡង​ប្រណាំងអ​នុវត្តគោ​លនយោបាយភូមិឃុំសង្កាត់មា​នសុវត្ថិភាព បាន​ប្រារព្ធពិធី​បើកនា​ព្រឹកថ្ងៃទី​១២ ខែកម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអ​ធិបតីភា​ពឯកឧត្ត​មអភិស​ន្តិបណ្ឌិ​ត ស សុខា ​ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ។ សន្និបាត បានរៀបចំ​នៅទីស្តីការ​ក្រសួងម​ហាផ្ទៃ ដោយមា​នការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រ​សួងមហាផ្ទៃ ថ្នាក់​ដឹកនាំ និងមន្ត្រីរាជ​ការស៊ីវិល មន្ត្រីនគរ​បាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំ​រដ្ឋ​បាលថ្នាក់​ក្រោមជាតិ និងមន្ត្រីពាក់​ព័ន្ធមួយចំនួន​ទៀត។

ថ្លែងបើក​សន្និបាត នាឱកាសនោះ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា បានទាញចំ​ណាប់អា​រម្ម​ណ៍​អង្គស​ន្និបាត ដោយរំលេ​ចអំពី​សារៈសំ​ខាន់ នៃ​ការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធី​សា​ស្រ្តល្អៗ​ដើម្បីពង្រឹងកិច្ចការ ចំនួន ៣ បន្ថែមលើ​ភារកិច្ចស្នូល គឺ ទី១. ការអភិវឌ្ឍធនធានមនុស្ស ទី២. ការផ្ដ​ល់​សេវាសាធារណៈ និងទី៣. ការអភិវឌ្ឍឌីជីថល។

ពាក់ព័ន្ធការអភិវឌ្ឍធន​ធានមនុស្ស ឯកឧត្តម​អភិសន្តិបណ្ឌិត បា​នសង្កត់ធ្ងន់អំពីគោល​ដៅនៃយុទ្ធ​សា​ស្រ្តបញ្ចកោណរបស់រាជ​រដ្ឋាភិបាល ក្រោមការដឹក​នាំរប​ស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នា​យករ​ដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងយ​កចិត្តទុកដា​ក់ធ្វើកំណែទម្រង់​ធនធានមនុ​ស្សក្នុងចំណោ​មមន្រ្តីរាជការ​ស៊ីវិល កងកម្លាំង ​និងមន្រ្តីកិច្ចសន្យាជាដើម ដោយផ្ដោតលើ​ការពង្រឹងស​មត្ថភាព​មន្រ្តី​ដែល​មានស្រាប់។ ឯកឧត្តម បានលើ​កឡើងអំពីភា​ព​ចាំបាច់នៃកា​រពង្រឹងការប​ណ្តុះបណ្តាល​កម្រិត​ផ្ទៃក្នុង និងការ​បណ្តុះបណ្តា​លទូទៅ ដើម្បីធានាប្រសិទ្ធភាពនៃកា​របំពេញកា​រងារបម្រើសេវា​សាធារ​ណៈ ទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះការផ្តល់សេ​វាសាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងអំពីភាពចាំបាច់ នៃការពង្រឹងគុណ​ភាពនៃការអនុវត្តមុខងារដែលថ្នាក់ជាតិ បានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នូវប្រភេទសេ​វាប្រមាណ ៨០០។ បើតាមប្រមុខក្រសួងមហាផ្ទៃ ការផ្ដល់សេវា ជាពិសេសសេវា​នៅយន្ត​ការច្រកចេ​ញចូលតែមួយ ត្រូវតែធ្វើឡើងប្រក​បដោយតម្លាភាព គណនេយ្យភាព និងធ្វើ​យ៉ាងណាឱ្យប្រជាពលរដ្ឋពេញចិត្ត តាមរយៈការរិះរកវិធីសាស្ត្រថ្មីៗ ល្អៗ ងាយៗ ដើម្បីឱ្យ​ការបម្រើ​សេវាកាន់តែមា​នគុណភាព។

ចំណែ​កការអភិវឌ្ឍឌីជថល ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីភាពចាំបាច់ នៃការពន្លឿ​នកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព និងមន្ត្រី ដើម្បីស​ម្របខ្លួនឱ្យទាន់​ការវិវត្តន៍នៃ​ប្រព័ន្ធ​បច្ចេ​កវិទ្យាឌីជីថល សម្រាប់គាំទ្រលើការងារប្រចាំថ្ងៃ និងធ្វើយ៉ាងណា ឱ្យបច្ចេកវិទ្យាឌីជីថល ចូលរួមជួយដល់កិច្ចការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានកាន់តែប្រសើរជាងមុន និងប្រ​កបដោយសុវត្ថិភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរៀបចំ និងអ​នុវត្តប្រ​ព័ន្ធឌីជី​ថលប្រកបដោយភាពប្រទាក់ក្រឡា ដើម្បីឱ្យក្លាយទៅជាស្តង់ដារតែមួយក្នុងការអនុវត្ត។

សូ​មបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃ នឹងបន្តរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈស្អែកនេះ។ ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី បានសំណូមពរដល់អង្គសន្និបាត ចូលរួមបញ្ចេញជាមតិយោបល់ និងទស្សនាទា​នឱ្យបា​នផុល​ផុសលើប្រធានបទពិភាក្សា ភ្ជាប់នឹងអ្វីដែលឯកឧត្តម បានរំលេចខាងដើម។ ប្រធាន​បទនៃកិច្ចពិភាក្សាក្នុងសន្និបាត មានចំនួន ៣ រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវ​ត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់​គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ​ណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី​៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់​សេវារដ្ឋ​បាល៕

Leave a Reply

Your email address will not be published. Required fields are marked *