គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បើកកិច្ចប្រជុំដើម្បីចាត់វិធានការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់នានា និងដាក់ផែនការការពារសន្តិសុខជូនពលរដ្ឋនារដូវភ្ជំបិណ្ឌ
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តប៉ៃលិននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការចុះបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់នានា នៅក្នុងភូមិសាស្ត្រខេត្ត ក្រោយពីមានបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំង៣ រួមនិងកម្លាំងប៉ុស្តិ៍នគរបាល ត្រូវចុះស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ ហាងគុយទាវ និងត្រូវធ្វើការណែនាំដល់គាត់ កុំអោយមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ អោយមានប្រសិទ្ធិភាពបំផុត ជាពិសេស ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈទាក់ទងទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៧ចំណុច ឲ្យខានតែបាន ព្រមទាំងការដោះស្រាយរាល់បញ្ហា,សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរឲ្យបានឆាប់រហ័ស ហើយត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត–ក្រុង–ស្រុក និងដើម្បីស្រុករាយការណ៍ មកក្រសួងមហាផ្ទៃ។
ជាងនេះទៅទៀតលោកជំទាវ ក៏បានមានប្រសាសន៍ប្រមានចាត់វិធានការចំពោះអ្នកពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសង ខុសច្បាប់ទាំងអស់ ទោះជាមន្ត្រីរាជការ ឬ កងកម្លាំងមានបុណ្យស័ក្តិធំក៏ដោយ គឺត្រូវដកខ្លួនថយជាបន្ទាន់ ហើយដកខ្លួនជារៀងរហូត។ ចំណែកមេល្បែងខុសច្បាប់គ្រប់ប្រភេទ និងកន្លែងលបលួចលេងល្បែងខុសច្បាប់នានា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយអ្នកញៀនល្បែងទាំងឡាយសូមមេត្តាឈប់លេងទៅ ដើម្បីសុភមង្គលក្នុងគ្រួសារ ។
ទន្ទឹមនោះលោកជំទាវ បាន ស្រីមុំ បានណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និង អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត ក្នុងការលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការរក្សាសន្តិសុខក្នុងមូលដ្ឋាន ដើម្បីបញ្ជាសកុំឱ្យមានចោរឆក់ ចោរប្លន់ ដោយសារតែល្បែងស៊ីសង ដែលវាមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោលក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៊ី ធ្វើអោយបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ៕