រដ្ឋបាលក្រុងសិរីសោភ័ណ ចុះយុទ្ធនាការសម្អាតអនាម័យបរិស្ថានជុំវិញក្រុងក្រោមប្រធានបទ “ថែទាំភពផែនដី ដើម្បីសុខភាពយើង”
ខេត្តបន្ទាយមានជ័យ ៖លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយនឹងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរបរិស្ថាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ស.ស.យ.ក សរុបប្រមាណ៥០០នាក់ ចុះយុទ្ធនាការសម្អាតអនាម័យបរិស្ថានជុំវិញក្រុង កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមប្រធានបទ “ថែទាំភពផែនដី ដើម្បីសុខភាពយើង” ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍ថា ការរៀបចំយុទ្ធនាការនេះ ជាសក្ខីភាពបញ្ជាក់អំពីការយល់ដឹង និងការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ម្យ៉ាងវិញទៀតនឹងក្លាយជាសកម្មភាព ចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការធ្វើអនាម័យ ការគ្រប់គ្រងនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើការលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព បានជាគុណប្រយោជន៍ដល់មនុស្សជាតិ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ ថា ៖បញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមដ៏ចំបងមួយ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង បញ្ហាទាំងនោះរួមមាន កំណើនប្រជាជន កំណើនតម្រូវការ ការបំផ្លាញព្រៃឈើ ការបំពុលទឹក ការបំពុលខ្យល់ ការបំពុលដី ការចាក់ចោលសំណល់ច្រើន ការបាត់បង់ជីវចម្រុះ។ល។
ជាមួយគ្នានោះ លោក ហ៊ឹល រ៉ាយ៉ា ក៏បានអំពាវនាវឱ្យជនរួមជាតិយើងក្នុងខេត្ត ទោះជាពលរដ្ឋសាមញ្ញក្តី មន្រ្តីរាជការកងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ តាមសមត្ថ ភាពលទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ឱ្យបានសមស្របតាមគោលការណ៍គ្រប់គ្រងបរិស្ថាន ដូចជាការកាត់បន្ថយ ការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ៕