ព័ត៌មានជាតិ

សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាចំនួន៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា នៅស្រុកស្វាយអន្ទរ

ខេត្តព្រៃវែង:អគារសិក្សាចំនួន៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅឃុំពានរោង ឃុំដំរីពួន ឃុំស្វាយអន្ទរ និងឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកដោយក្ដីរីករាយនៅពេលសម្ដេចទទួលបានការស្នើសុំចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងខេត្តព្រៃវែងពីសំណាក់សប្បុរសជន ទាំងជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ និងសប្បុរសជនពីវិស័យឯកជន។ ក្នុងនោះសម្ដេចក៏បានគូសបញ្ជាក់អំពីការកសាងសាលាមត្តេយ្យសិក្សាដែលមានសារៈសំខាន់សម្រាប់កុមារតូចដែលជាកូនចៅរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍បន្តថា ការកសាងសាលារៀន និងការដំណើរការបង្រៀននៅសាលាមត្តេយ្យឱ្យបានល្អ គឺជាគន្លងអប់រំមួយនៅក្នុងសង្គមស៊ីវិល័យ ព្រោះថ្នាក់មត្តេយ្យសិក្សានេះ ជាថ្នាក់ដែលបណ្ដុះបណ្ដាលកុមារតូចៗឱ្យមានលក្ខណៈសម្បត្តិល្អៗសម្រាប់ការបន្តសិក្សាជាបន្តបន្ទាប់ និងក៏ពាក់ព័ន្ធនឹងដំណើរជីវិតពួកគេនាពេលអនាគតផងដែរ ក្នុងនោះរួមទាំងការបណ្ដុះភាពក្លាហានឱ្យកុមារ ធ្វើឱ្យកុមារចេះឆ្ងល់ ចេះសួរ ចេះចង់ដឹង ដែលជាកត្តារួមចំណែកធ្វើឱ្យកុមារឆ្លាត។

ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ រួមទាំងក្រុមការងារដែលមានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចដែលបានចូលរួមគាំទ្រជាបន្តបន្ទាប់ និងជាច្រើនដល់ការកសាងហេដ្ឋរចនាសម្ព័ន្ធ ពិសេសសាលារៀន ផ្លូវ វត្តអារាម និងសំណង់សាធារណៈផ្សេងៗទៀតដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់។

ក្នុងនាមសប្បុរសជនទាំងអស់ សម្ដេចក្រឡាហោម បានប្រកាសផ្ទេរនូវសំណង់សមិទ្ធផលទាំងអស់នេះជូនប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ លោកគ្រូ អ្នកគ្រូ ដើម្បីធ្វើជាម្ចាស់គ្រប់គ្រងបន្ត ដោយសម្ដេចបន្ថែមថា «ព្រោះជាទ្រព្យសម្បត្តិសាធារណៈ។ ខ្ញុំខិតខំប្រមែលប្រមូលថវិកាពីសប្បុរសជននានាជួយសាងសង់ តែខ្ញុំមិនមានឱកាសមកជួយថែទាំគ្រប់ពេលទេ។ អ៊ីចឹងសូមចាត់ទុកជាទ្រព្យសម្បត្តិ ជាមាស ជាពេជ្ររបស់យើងទាំងអស់គ្នា»។

ភ្ជាប់ជាមួយគ្នានេះដែរ សម្ដេចបានបន្តមានប្រសាសន៍អំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្ទេរសិទ្ធិ អំណាច ធនធាន ពីថ្នាក់ជាតិមកឱ្យថ្នាក់ក្រោមជាតិ ដើម្បីឱ្យថ្នាក់ក្រោមជាតិមានការទទួលខុសត្រូវតាមសមត្ថភាព និងលទ្ធភាព ក្នុងនោះជាក់ស្ដែងរាជរដ្ឋាភិបាលគ្រោងនឹងផ្ទេរការគ្រប់គ្រងមត្តេយ្យសិក្សា និងបឋមសិក្សាមកឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្ទាប់ពីបានអនុវត្តសាកល្បងជោគជ័យនៅខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំគណបក្ស សម្ដេចបានថ្លែងអំណរគុណសមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សទាំងអស់ដែលបានបោះឆ្នោតគាំទ្រផ្ដល់ជំនឿចិត្តលើបេក្ខជន បេក្ខនារីដែលគណបក្សបានរៀបចំឱ្យឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ហើយទទួលបានលទ្ធផលជោគជ័យ។

សម្ដេចបានចាត់ទុកជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនោះថាជាការសបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋបានគាំទ្រ និងពេញចិត្តចំពោះបេក្ខជនដែលគណបក្សរៀបចំផង និងគាំទ្រហើយមានទំនុកចិត្តមកលើថ្នាក់ដឹកនាំគណបក្សផង។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានដែលបានរួមគ្នាបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំ ធ្វើឱ្យប្រជាពលរដ្ឋពេញចិត្ត និងទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។

សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញក្ដីរីករាយដែរ នៅពេលបានឃើញប្រជាពលរដ្ឋអញ្ជើញធ្វើបុណ្យទាន និងដើរកំសាន្តយ៉ាងសប្បាយរីករាយនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។ សម្ដេចក៏បានផ្ដល់ទស្សនាទានឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិបន្តខិតខំរិះរកវិធីសាស្រ្តថ្មីៗដើម្បីបង្កើនការទាក់ទាញទេសចរណ៍ រួមទាំងការរៀបចំមូលដ្ឋានភូមិ ឃុំឱ្យមានភាពទាក់ទាញ ការរៀបចំម្ហូបអាហារឱ្យបានឆ្ងាញ់ ប្លែក និងអនាម័យជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button